ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ចុះសំណេះសំណាល និងសួរសុខទុក្ខ មណ្ឌលសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ

ខេត្តកណ្ដាក៖ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ណែនាំដល់ មន្ត្រីកំពុងប្រចាំការនៅមណ្ឌលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបន្តណែនាំ ផ្សព្វផ្សាយអប់រំ ឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ចូលរួមអនុវត្តជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកណ្ដាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរីរាលដាលនៅទូទាំងប្រទេសកម្ពុជា។

ឯកឧត្តមបណ្ឌិតប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ណែនាំបែបនេះ ក្នុងឱកាសឯកឧត្តមអញ្ជើញចុះ សំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួន ឧបត្ថម្ភជូនមណ្ឌលសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅទូទាំងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។

ឯកឧត្តមបន្តថា មន្ត្រីប្រចាំការនៅមណ្ឌលសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទាំងអស់ ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន សូមមានការអត់ធ្មត់ សូមកុំចេញពីផ្ទះបើមិនមានការចាំបាច់ មិនត្រូវចេញពីផ្ទះមួយទៅផ្ទះមួយ ពីភូមិមួយទៅភូមិមួយឡើយ ក្នុងករណីមានការចាំបាច់ត្រូវចេញមកខាងក្រៅ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សានូវគម្លាតសុវត្ថិភាព លាងដៃជាមួយអាកុល ឬជែល នៅពេលដែលបងប្អូនបានចាប់ឬកាន់នូវរបស់អ្វីមួយ ដើម្បីបញ្ចៀសនូវការចម្លងមេរោគពីអ្នកដទៃ មកលើខ្លួនយើង ពិសេសជាងនេះទៅទៀត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាល រួមមាន៣ការពារ ៣កុំ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នឹងឈានទៅដល់ការបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឱ្យបានឆាប់ៗនាពេលខាងមុខផងដែរ។

អំណោយជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដែលបានឧបត្ថម្ភដល់មណ្ឌលសកម្មភាព ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងសង្កាត់កំពង់សំណាញ់ទាំង១៥ មណ្ឌល ដោយក្នុងមួយមណ្ឌលទទួលបាន អង្ករ ៥០គីឡូក្រាម មី២កេស ម៉ាស់ ២ប្រអប់ ជេលសម្លាប់មេរោគចំនួន ១០ដបតូច ពងទាចំនួន ៥០គ្រាប់ និងថវិកា ១០ម៉ឺនរៀល។