អភិបាលខេត្តកណ្ដាល ចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយ កងកម្លាំងមានសមត្ថកិច្ច ក្រុមគ្រូពេទ្យ និងអ្នកប្រចាំការ នៅមណ្ឌលចត្តាឡីស័ក ក្នុងស្រុកល្វាឯម និងស្រុកកៀនស្វាយ

ខេត្តកណ្តាល៖ អាជ្ញាធរខេត្តកណ្ដាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះប្រជាពលរដ្ឋនៅក្នុងខេត្តកណ្ដាល ដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដោយបានចូលរួមជាមួយអាជ្ញាធរដោយស្ម័គ្រចិត្ត ក្នុងការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវរយៈពេល ១៤ ថ្ងៃ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានកោតសរសើរ និងវាយតម្លៃខ្ពស់បែបនេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយ កងកម្លាំងមានសមត្ថកិច្ច ក្រុមគ្រូពេទ្យ និងអ្នកប្រចាំការ នៅមណ្ឌលចត្តាឡីស័ក ក្នុងស្រុកល្វាឯម និងស្រុកកៀនស្វាយ ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។

ឯកឧត្តមអភិបាលខេត្ត បន្តថា ការចូលរួមដោយស្ម័គ្រចិត្ត របស់បងប្អូនប្រជាពលរដ្ឋ ដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនេះ គឺជាការទទួលខុសត្រូវខ្ពស់ចំពោះខ្លួនឯង ក្រុមគ្រួសារ និងអ្នកដទៃផងដែរ ហើយការធ្វើចត្តាឡីស័កនេះផងដែរ គឺយើងបានបញ្ចប់នូវមន្ទិលសង្ស័យរបស់ខ្លួន ដែលមិនច្បាស់ថាខ្លួនបានឆ្លងជំងឺកូវីដ-១៩ ឬក៏អត់ ហើយបើទោះបីជាដឹងថាបានឆ្លងជំងឺកូវីដ-១៩ គឺយើងមិនបានចម្លងទៅអ្នកដទៃ ជាងនេះទៀតក្រុមគ្រូពេទ្យនៅចាំព្យាបាលដោយយកចិត្តទុកដាក់បំផុត។

ក្នុងឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានវាយតម្លៃខ្ពស់ និងកោតសរសើរ ដល់អាជ្ញាធរស្រុកល្វាឯម និងស្រុកកៀនស្វាយ កងកម្លាំងមានសមត្ថកិច្ច ក្រុមគ្រូពេទ្យ និងអ្នកប្រចាំការ ដែលបានខិតខំយកចិត្តទុកដាក់ ក្នុងការស្វែងរកអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ដើម្បីអញ្ជើញពួកគាត់មកធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាងនេះទៀតអាជ្ញាធរទាំង២ស្រុក បានយកចិត្តទុកដាក់ ក្នុងការជួយឧបត្ថម្ភអាហារ ៣ ពេល និងសម្រួលដល់ការខ្វះខាតមួយចំនួន ដល់អ្នកដែលកំពុងធ្វើចត្តាឡីស័ក ក្នុងមណ្ឌល ចត្តាឡីស័កទាំងអស់ ផងដែរ។

សូមបញ្ជាក់ផងដែរថា ស្រុកល្វាឯម មានអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោល ក្នុងប្រតិការសហគមន៍ ២០ កុម្ភៈ ចំនួន២២៣នាក់ កំពុងធ្វើចត្តាឡីស័កនៅ មណ្ឌលចត្តាឡីស័ក វិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង ចំនួន៣៦នាក់ កំពុងធ្វើចត្តាឡីស័កនៅផ្ទះ ចំនួន១៨៧នាក់ និងស្រុកកៀនស្វាយ មានអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោល ក្នុងប្រតិការសហគមន៍ ២០ កុម្ភៈ ចំនួន៣៣៦នាក់ កំពុងធ្វើចត្តាឡីស័កនៅ មណ្ឌលចត្តាឡីស័ក បឋមសិក្សា គគី ចំនួន៤៩នាក់ និងមណ្ឌលចត្តាឡីស័ក បឋមសិក្សា ស្ដៅកន្លែង ចំនួន ៧២នាក់ ព្រមទាំងកំពុងធ្វើចត្តាឡីស័កនៅផ្ទះ ចំនួន២២៥នាក់។