អភិបាលខេត្តបានដាក់បទបញ្ជាដល់បណ្តាស្រុកជាប់ព្រំដែនវៀតណាម ត្រូវចាត់វិធានការ អោយបានតឹងរឹងបំផុត ក្នុងការការពារទប់ស្កាត់ជម្ងឺកូវីដ-១៩ ក្នុងឱ្យកាស ចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម  ខាងមុខនេះ

ខេត្តកណ្ដាល៖ បន្ទាប់ពីទទួលបានសារបន្ទាន់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញវិធានការណ៍ការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩នៅតាមបណ្តាខេត្តជាប់ព្រំដែន នារសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ កងកម្លាំងទាំង៣ និងមន្ទីរអង្គភាពជុំវិញខេត្ត ចុះពិនិត្យតំបន់ព្រំដែន នៅស្រុកកោះធំ និងស្រុកក្អមសំណ ខេត្តកណ្តាល។

ក្នុងឱកាសចុះពិនិត្យស្ថានភាពនៅតាមតំបន់ព្រំដែននេះ ឯកឧត្ដមអភិបាលខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងសមត្ថកិច្ច និងអាជ្ញាធរស្រុក ជាប់ព្រំដែនវៀតណាម ត្រូវចាត់វិធានការជាបន្ទាន់  និងតឹងរឹងបំផុត ក្នុងការការពារ ទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងឱ្យកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ខាងមុខនេះ។

ឯកឧត្ដមបន្ថែមថា ដើម្បីអនុវត្តតាមសាររបស់ប្រមុខដឹកនាំ ក៏ដូចជាជំហរដ៏មុឹងម៉ាត់របស់រដ្ឋបាលខេត្តកណ្តាល ដើម្បីរក្សាសុខសុវត្ថិភាព សុខភាពជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខេត្តកណ្តាល ពិសេសនៅរដូវបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ អាជ្ញាធរនៅតាមតំបន់ព្រំដែន មន្ទីរជំនាញ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវរឹតបន្តឹង និងអនុវត្តអោយមានប្រសិទ្ធភាពខ្ពស់ផងដែរ ជាងនេះទៀត អជ្ញាធរស្រុកត្រូវត្រៀមរៀបចំមណ្ឌលចត្តា ឡីស័កសម្រាប់អ្នកធ្វើដំណើរចូលមកប្រទេកម្ពុជាតាមច្រកព្រំដែនទាំងអស់ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីពិនិត្យតាមដានសុខភាពរបស់ភ្ញៀវ ព្រមទាំងធ្វើចត្តាឡីស័កអោយបានត្រឹមត្រូវផងដែរ ។