វេទិកាសាធារណៈ ផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋពាក់ព័ន្ធនឹងការស្នើសុំធ្វើអាជីវកម្មខ្សាច់សំណង់ និងដីល្បាយខ្សាច់ នៅឃុំខ្ពប

ខេត្តកណ្តាល÷ ក្រសួងរ៉ែ និងថាមពល សហការជាមួយអាជ្ញាធរខេត្ដខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានរៀបចំវេទិកាសាធារណៈ ដើម្បី ផ្សព្វផ្សាយ និងពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការស្នើសុំធ្វើអាជីវកម្មខ្សាច់សំណង់ និងដីល្បាយខ្សាច់នៅ តាមដងទន្លេបាសាក់ ស្ថិតក្នុងឃុំខ្ពប នៃស្រុកស្អាង ខេត្តកណ្តាល។ ដែលវេទិកានេះ បានអញ្ជើញចូលរួមពីឯកឧត្ដមបណ្ឌិត ឌិត ឌីណា រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្តាល អាជ្ញាធរស្រុកនិងប្រជាពលរដ្ឋជាង ២០០ នាក់។

ឯកឧត្តម នៃ ចារី អភិបាលរងខេត្ត បានបញ្ជាក់ថា ស្របពេលដែលប្រទេសយើងកំពុងតែមានការអភិវឌ្ឍដូចច្នេះ ខ្សាច់ដែលបានមកពីអាជីវកម្មនេះ គឺសំខាន់ណាស់ សម្រាប់យកទៅកសាងហេដ្ឋារចនាសម្ពន្ធ័ សាលារៀន អាគារផ្សេងៗ និងដើម្បីចាក់បំពេញទីតាំងមួយចំនួន ក្នុងខេត្តកណ្តាល។

ឯកឧត្តមបន្តថា ការបូមស្តារខ្សាច់ និងដីល្បាយខ្សាច់ក្នុងទន្លេនេះ គឺជាផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ព្រោះធ្វើឡើងតាមបច្ចេកទេស និងមានអាជ្ញាប័ណ្ណត្រឹមត្រូវ ដេីម្បីសំរួលចរន្តទឹក ធ្វើឱ្យទន្លេមានសភាពជ្រៅឡើងវិញ កាត់បន្ថយការបាក់ច្រាំងទន្លេ និងផ្តលចំណូលពន្ធមកឲ្យឃុំសម្រាប់អភិវឌ្ឍន៍នៅមូលដ្ឋានផងដែរ។

ឯកឧត្តម ក៏បានជំរុញនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋត្រូវលើកឡើងនូវចម្ងល់ និងបញ្ហាប្រឈមនានាឱ្យបានច្រើន ដើម្បីមន្ត្រីជំនាញ នឹងធ្វើការពន្យល់ បកស្រាយ រាល់ចម្ងល់ទាំងឡាយ ត្រឡប់ទៅវិញប្រកបដោយតម្លាភាព។

ឯកឧត្ដមបណ្ឌិត ឌិត ឌីណា រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា បញ្ហាដីខ្សាច់ដុះគឺវានឹងបង្កគ្រោះថ្នាក់ដល់យើង នាពេលអនាគត ប្រសិនបើមានដី ឮខ្សាច់​ដុះ​ហើយនោះ ផ្អែកតាមលក្ខណៈបច្ចេកទេស គឺយើងត្រូវធ្វើការយកខ្សាច់ដុះនោះចេញ ដើម្បីជៀសវាងមានការបាក់ស្រុតនៅកន្លែងផ្សេងទៀត ហើយចំពោះកន្លែងដែលបាក់ហើយ យើងត្រូវធ្វើយ៉ាងណាកុំឱ្យបាក់បាក់តទៅទៀត។

ឯកឧត្តមបានបន្តថា បញ្ហាបាក់ច្រាំងនេះ គឺយើងត្រូវដោះស្រាយ ដោយអនុវត្តន៍ឱ្យត្រឹម​ត្រូវទៅតាមវិធីសាស្រ្តបច្ចេកទេស ស្របពេលទៅនឹងកំណែទម្រង់ថ្មី ពីព្រោះថា កាលពីមុន ក្រសួងមិនបានផ្ដល់អាជ្ញាប័ណ្ណ ដល់អាជីវកម្មបូមខ្សាច់ ដោយមិនធ្វើជាវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋឡើយ។ តែពេលនេះ មិនត្រឹមតែធ្វើវេទិកាសាធារណៈនោះទេ តែថែម​​ទាំងដាក់មន្ត្រីមកប្រចាំការនៅលើទីតាំងដែលមានអាជ្ញាប័ណ្ណទៀតផង ដើម្បីជួយដោះស្រាយ បញ្ហា នានា រវាងក្រុមហ៊ុន និងសហគ្រាស ជូនប្រជាពលរដ្ឋដោយផ្ទាល់ភ្លាមៗនៅមូលដ្ឋានផ្ទាល់។

ក្នុងឱកាសនោះដែរ ឯកឧត្ដមបណ្ឌិត ឌិត ឌីណា ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋនៅតាមដងទន្លេបាសាក់ ទាំងអស់មេត្តាចូលរួមតាមដាននូវរាល់សកម្មភាពនានាដែល ខុសពីលក្ខខ័ណ្ឌរបស់ក្រសួងក្នុងការបូមខ្សាច់ ដូចជាបូមខ្សាច់លើសម៉ោងកំណត់ បូមខុសទីតាំងដែលក្រសួងបានកំណត់ និងការដឹកជញ្ជូនខ្សាច់ខុសបទដ្ឋានបច្ចេកទេស ត្រូវរាយការណ៍មកអាជ្ញាធរ និងក្រសួងជាបន្ទាន់តាមរយៈលេខទូរស័ព្ទ ០៩៥ ៧២៧ ៧២៧ ដើម្បីឱ្យក្រសួងចាត់វិធានការផាពិន័យ ឬអាចឈានទៅដល់ការបិទអាជីវកម្មតែម្ដងត្រឹមទំហំនៃបទល្មើសជាក់ស្ដែង។

លោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង បានឱ្យដឹងថា ក្រុមហ៊ុនចរិយាសម្បត្តិ អ៉ីមផត អិចផត ឯ.ក គឺបានស្នើសុំធ្វើអាជីវកម្មខ្សាច់សំណង់ និងដីល្បាយខ្សាច់ នៅឃុំខ្ពបនេះ។