ពិធីផ្សព្វផ្សាយ ស្ដីពីការរស់នៅធម្មតា តាមបែបគន្លងថ្មី ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជម្ងឺអេដស៍ ១ធ្នូ ២០២០

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ កាកបាទក្រហមកម្ពុជា សហការជាមួយ សាខាកាតបាទក្រហមកម្ពុជាខេត្តកណ្ដាល បានរៀបចំពិធីផ្សព្វផ្សាយ ស្ដីពីការរស់នៅធម្មតា តាមបែបគន្លងថ្មី ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជម្ងឺអេដស៍ ១ធ្នូ ២០២០ ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា និងលោក គួយ ប៊ុនធឿន អនុប្រធានសាខាកាតបាទក្រហមកម្ពុជាខេត្តកណ្ដាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល ដែលពិធីនេះរៀបចំឡើងក្រោមប្រធានបទ ” សាមគ្គីភាពជា សកល និងទទួលខុសត្រូវរួមគ្នា ” ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជាមួយមេរោគអេដស៍ ប្រមាណជិត៥០នាក់ រស់នៅឃុំដីឥដ្ឋ ឃុំគគីរ ឃុំបន្ទាយដែក និងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។  

លោក គួយ ប៊ុនធឿន អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល បានអោយដឹកថា ទូទាំងខេត្តកណ្ដាល អត្រា មានអ្នកផ្ទុកមេរោគអេដស៍មានការធ្លាក់ចុះគួរអោយគត់សម្គាល់ បើយោងតាមការព្យាករណ៍បែបវិទ្យាសាស្រ្ត បានបង្ហាញថា នៅត្រឹមឆ្នាំ២០១៩ -ឆ្នាំ២០២០ ខេត្តកណ្ដាលមានអ្នកផ្ទុកមេរោគអេដស៍ ក្នុងចំណោមមនុស្សពេញវ័យ ដែលមានអាយុ ១៥ ដល់ ៤៩ឆ្នាំ គឺមាន ០.៦% ព្រមទាំបានមកទទួលសេវាព្យាបាល ដោយថ្នាំប្រយុទ្ធ និងមេរោគអេដស៍ នៅតាមមណ្ឌលសុខភាពនៅជិតផ្ទះរបស់ពួកគាត់ផងដែរ។

លោកជំទាវ ពុំ ចន្ទីនី បានមានប្រសាសន៍ថា យើងទាំងអស់គ្នាមិនត្រូវរើសអើង អ្នកដែលផ្ទុកមេរោគអេដស៍ និងអ្នកជម្ងឺអេដស៍ឡើយ ព្រោះអ្នកដែលផ្ទុកមេរោគអេដស៍ និងអ្នកជម្ងឺអេដស៍ ត្រូវការកម្លាំងចិត្ត និងការព្យាបាល រួមនឹងការថែទាំសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ។

លោកជំទាវ បានបន្តថា សព្វថ្ងៃ នាពេលបច្ចុប្បន្ន អ្នកដែលផ្ទុកមេរោគអេដស៍ ត្រូវបានទទួលការព្យាបាល ដោយប្រើថ្នាំព្យាលអាយុជីវិត នៅតាមមណ្ឌលសុខភាព ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវ ក៏បានណែនាំ អ្នកផ្ទុកមេរោគអេដស៍ ត្រូវចេះថែទាំសុខភាព អោយបានរឹងមាំ និងមិនត្រូវបាក់ទឹកចិត្តឡើយ ទោះបីយើងមានផ្ទុកមេរោគអេដ៍ ក៏យើងអាចធ្វើការងារ និងប្រកបមុខរបររកសុីបានដែរ ។

លោកជំទាវ បានបញ្ជាក់ផងដែរថា ពេលបច្ចុប្បន្ននេះប្រទេសជាតិបាននឹងកំពង់ជួបបញ្ហាជម្ងឺកូវិដ-១៩ កំពុងរាតត្បាតលើសកលលោក ដូចនេះវិធីការការពារ នៃការឆ្លងរាលត្បាតមេរោគកូវិដ-១៩ គឺយើងត្រូវលាងដៃជាមួយសាប៊ូ ជែល និងបាញ់ទឹកអាកុលលាងដៃ អោយបានញឹកញាប់ ត្រូវពាក់ម៉ាស់ ជាប្រចាំនៅពេលចេញពីផ្ទះ និងគ្រប់ពេលដែលយើងទៅកន្លែងណាមួយ  មិនត្រូវប្រហែសទេ គឺត្រូវប្រុងប្រយ័ត្នអោយបានខ្ពស់ ទើបជាការប្រសើរ។

សូមបញ្ជាក់ថា​ គ្រួសារអ្នកផ្ទុកមេរោគអេដស៍នីមួយៗទទួលបានអំណោយ​ពី​កាកបាទក្រហមកម្ពុជា​ ៖​ អង្ករ​ ៣០គីឡូក្រាម​ មីយេីង​ ១កេស​ ត្រីខ​ ១០កំប៉ុង​ ទឹកត្រី​ ៦ដប​ ឃីត​ (ប្រេងឆា​ អំបិល​ ស្ករស​ ទឹកដោះគោ​ អង្ករ​ ២គ.ក្រ)​ ១កញ្ចប់​ ឃីត​ (សារុង​ ក្រមា​ មុង​ ភួយ​ អាវយឺត)​ ១កញ្ចប់​ និងម៉ាស់​ ១ប្រអប់។ អំណោយសាខា​កាកបាទក្រហមកម្ពុជា​ ខេត្តកណ្តាលរួមមាន​ ៖​ សាប៊ូ​ ២ដុំ​ អាល់កុល​កន្លះលីត្រ​ ១ដប​ ម៉ាស់​ ១០ម៉ាស់​ និងថវិកា​ ៥០.០០០រៀល៕