យប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ កងកំលាំងទាំងបី និងអាជ្ញាធរស្រុកកណ្ដាលស្ទឹង អញ្ជើញចុះសំណេះសំណាល និងសាកសួរសុខទុក្ខ ប្រជាពលរដ្ឋដែលបានជម្លៀសខ្លួន ចំនួន ៣០ គ្រួសារ

ខេត្តកណ្តាល៖ យប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ កងកំលាំងទាំងបី និងអាជ្ញាធរស្រុកកណ្ដាលស្ទឹង អញ្ជើញចុះសំណេះសំណាល និងសាកសួរសុខទុក្ខ ប្រជាពលរដ្ឋដែលបានជម្លៀសខ្លួន ចំនួន ៣០ គ្រួសារ មកពីភូមិសាម៉ ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង
មកទីទួលសុវត្ថិភាព។

មានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តមអភិបាលខេត្ត សូមឱ្យបងប្អូនប្រជាពលរដ្ឋ កុំមានការភ័យ ព្រោះថាអាជ្ញាធរខេត្ត មិនបណ្ដែតបណ្ដោយ ឬទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ រងគ្រោះដោយខ្វះការយកចិត្តទុកដាក់ពីអាជ្ញាធរនោះឡើយ។

ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់អាជ្ញាធរស្រុកកណ្ដាលស្ទឹង និងកងកំលាំងទាំងបី ត្រូវត្រៀមគ្រប់មធ្យោបាយ ដើម្បីជួយប្រជាពលរដ្ឋ ដែលកំពុងទទួលរងនូវការជន់លិច មករកទីទួលសុវត្ថិភាព។ ហើយទីទួលសុវត្ថិភាពនេះ ត្រូវត្រៀមនៅអាហារគ្រប់គ្រាន់ មានទឹកស្អាត មានថ្នាំពេទ្យ និងសម្ភារៈសម្រាប់ស្នាក់នៅផងដែរ។

លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បើដឹងថា ទ្វារទឹកស្ពាន ៧ មករា ឡើងដល់កម្រិតប្រកាសអាសន្នហើយ។ លោកបន្ថែមថា ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីទឹកស្ទឹងព្រែកត្នោត និងជំនន់ទឹកភ្លៀង មានចំនួន៤ឃុំ ឃុំដើមឫស ឃុំអន្លង់រមៀត ឃុំជើងកើប និងឃុំកណ្ដោក មានប្រជាពលរដ្ឋចំនួន ១០៥០គ្រួរសារ ហើយអាជ្ញាធរស្រុក បានទៅត្រៀមទីតាំងទួលសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋទាំង ១០៥០ គ្រួសារផងដែរ។ 

ក្នុងឱកាសនោះដែរឯកឧត្ដមអភិបាលខេត្ត បានឧបត្ថម្ភប្រជាពលរដ្ឋ ក្នុងម្នាក់ៗ ថវិកា១០ម៉ឺនរៀល និងកុមារ ម្នាក់ៗថវិកា ២ម៉ឺនរៀលផងដែរ។