ពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃលើកទី២៨ របស់ស្រុកខ្សាច់កណ្តាល

ព្រះឃោសធម្ម លន់ សុគន្ធា ព្រះអនុគណស្រុកខ្សាច់កណ្ដាល និងជាព្រះចៅអធិការវត្តស្វាយជ្រុំ ព្រះតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះឧត្តមមុនី ជា សំអាង សម្តេចព្រះមេគណខេត្តកណ្តាល ព្រះអង្គបានបញ្ជាក់ថា អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងស្រុកខ្សាច់កណ្ដាលលើកទី ២៨ នេះ បានសម្រេចជាឯកច្ឆន្ទគាំទ្រសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី ២៨ របស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឹមសារជាអាទិភាពចំនួន ៤ចំណុច គឺ
១-បន្តពង្រឹងធ្វើឧបោសថកម្មជាប្រចាំរៀងរាល់កន្លះខែម្ដង
២-បន្តពង្រឹងការងារពុទ្ធិកសិក្សាដែលជាស្នូលដ៏រឹងមាំនៃព្រះពុទ្ធសាសនា
៣- ទប់ស្កាត់ការបិនបាទ និងការរៃអង្គាសអាណាធិបតេយ្យគ្រប់រូបភាព
៤- ស្នើសុំឲ្យឯកឧត្តមអភិបាលខេត្តជួយជម្រុញ និងពន្លឿនការចុះបញ្ជីធ្វើប្លង់ដី គរុណភណ្ឌវត្ត ទូទាំងស្រុកដើម្បីបញ្ចៀសរាល់បញ្ហាផ្សេងៗកុំឲ្យកើតមាន។

ព្រះឃោសធម្ម លន់ សុគន្ធា បានបញ្ជាក់យ៉ាងដូច្នេះ នៅក្នុង
ពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃលើកទី២៨ របស់ស្រុកខ្សាច់កណ្តាល ដែលបានប្រារព្ធធ្វើនៅក្នុងវត្តព្រះវិហារសួគ៌ នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ដោយបានការអញ្ជើញចូលរួមពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងព្រះមន្ត្រីសង្ឃខេត្ត ស្រុកតាមឋានានុក្រម គ្រូចៅអធិការទាំង៤១វត្ត លោកតាអាចារ្យគណកម្មាធិការវត្តនៅទូទាំងស្រុក លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សរុបជាង៤០០អង្គ-នាក់ ។

ព្រះអង្គបានមានសង្ឃដីកាបន្តថា អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងស្រុកខ្សាច់កណ្ដាល គឺធ្វើឡើងដើម្បី ពិនិត្យ ពិភាក្សារិះរកយុទ្ធវិធី និងយុទ្ធសាស្ត្រថ្មីៗ ដើម្បីធ្វើឲ្យព្រះពុទ្ធសាសនាកាន់តែរីកចម្រើនថែមទៀត ដូចជាការងារពង្រឹងរចនាសម្ព័ន្ធថ្នាក់ដឹកនាំសង្ឃ ការងារគ្រប់គ្រងវត្តអារាម ការងារពុទ្ធិកសិក្សា ការងារផ្សព្វផ្សាយព្រះធម៌វិន័យ សំដៅធ្វើឲ្យវិស័យព្រះពុទ្ធសាសនា សាកសមជាទីគោរពសក្ការបូជារបស់ពុទ្ធបរិស័ទ។

ពាក់ព័ន្ធនឹង សំណើសុំឲ្យរដ្ឋបាលខេត្តខេត្តជួយជម្រុញ និងពន្លឿនការចុះបញ្ជីធ្វើប្លង់ដី គរុណភណ្ឌវត្ត ទូទាំងស្រុកដើម្បីបញ្ចៀសរាល់បញ្ហាផ្សេង ឯកឧត្តម គង់ សោភ័ណ្ឌ បានបញ្ជាឲ្យអាជ្ញាធរស្រុក និងមន្ទីរជំនាញពាក់ព័ន្ធត្រូវ សហការរួមគ្នាចុះអនុវត្តជាបន្ទាន់មិនថាតែស្រុកខ្សាច់កណ្ដាលនោះទេ គឺទូទាំងខេត្តកណ្ដាលតែម្ដង ដើម្បីការពារគរុណភណ្ឌវត្តកុំឲ្យមានការរំលោភបំពានពីបុគ្គលមួយចំនួនតូច។

ក្នុងពិធីនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេច ព្រះឃោសធម្ម ព្រះសង្ឃ លោកតាអាចារ្យ គណៈកម្មការវត្ត សប្បុរសជននានា និងពុទ្ធបរិស័ទគ្រប់វត្ត ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌ និងសង្គម ហើយបានបរិច្ចាគនូវសម្ភារៈ និងថវិកាផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីចូលរួមជួយកសាងទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ក៏ដូចជាជួយឧបត្ថម្ភដល់ជនរងគ្រោះដោយធម្មជាតិ និងគ្រួសារក្រីក្រផងដែរ ។

ឯកឧត្តមអភិបាល បានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋ និងគ្រប់វត្តអារ៉ាមទាំងអស់ក្នុងស្រុក នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុុំបិណ្ឌនាពេលខាងមុខនេះ សូមយកចិត្តទុកដាក់ពង្រឹងវិធានការណ៍ការពារ ការរីករាលដាលជម្ងឺកូវីដ-១៩ ដោយត្រូវរួមគ្នាអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរ។

ក្នុងឱកាសនេះ ឯកឧត្តម បាននាំយកនូវបច្ច័យមកប្រគេនជូនដល់ព្រះសង្ឃ និងអ្នកចូលរួមជាង ៤០០អង្គ-នាក់ក្នុងនោះ៖
-ព្រះអនុគណស្រុកមួយអង្គប្រគេនបច្ច័យ១លានរៀល
-ព្រះសមុហ៍គណ និងលេខាគណខេត្ត ២អង្គ ក្នុងមួយអង្គប្រគេនបច្ច័យ ៥០ម៉ឺនរៀល
-មន្ត្រីសង្ឃខេត្តស្រុកចំនួន៩អង្គ ក្នុងមួយអង្គបច្ច័យ១០ម៉ឺនរៀល
-គ្រូចៅអធិការវត្តនិមន្តមកពីវត្តទាំង៤១វត្តទូទាំងស្រុក ប្រគេនបច្ច័យក្នុងមួយអង្គ១០ម៉ឺនរៀល
-ព្រះសង្ឃចូលរួមចំនួន១១៧អង្គ ក្នុងមួយអង្គប្រគេនបច្ច័យ៥ម៉ឺនរៀល
-មន្ត្រីរាជការ កងកម្លាំង មេឃុំ មេភូមិ ចំណុះរដ្ឋបាលស្រុកខ្សាច់កណ្ដាល និងលោកតាអាចារ្យគណៈកម្មការវត្តចំនួន ២៧៥នាក់ក្នុងម្នាក់ ៥ម៉ឺនរៀលផងដែរ។