អភិបាលខេត្តកណ្តាល បានលើកទឹកចិត្តអោយមាន វិនិយោគគិនមកបោះទុនរកស៊ី ក្នុងភូមិសាស្ត្រខេត្តកណ្តាល

ខេត្តកណ្តាល ៖ ឯកឧត្តម គង់ សោភណ្ឌ័ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានលើកទឹកចិត្ត និងអំពាវនាវដល់វិនិយោគិននានា មកបោះទុនរកស៊ី ក្នុងភូមិសាស្ត្រ ខេត្តកណ្តាលអោយកាន់តែច្រើន ពីព្រោះខេត្តកណ្តាល គឺជាខេត្តមួយដែលមានសក្ដានុពលសំខាន់ៗ ដែលអាចធ្វើអោយការវិនិយោនានាទទួលបានប្រាក់ចំណេញយ៉ាងច្រើនផងដែរ។

ឯកឧត្តម អភិបាលខេត្តកណ្តាល បានថ្លែងនូវការលើកទឹកចិត្ត និងអំពាវនាវដូច្នេះ ក្នុងឱកាសដែល ឯកឧត្តម និងមន្ត្រីពាក់ព័ន្ធ អនុញាត្តអោយលោក ឌិន សុមេធារិទ្ធិ ស្ថាបនិក រមណីយដ្ឋានភូមិផ្កាត្រកួន និងសហការី ចូលជួបសម្តែងការគួរសម ដើម្បីបង្ហាញអំពីវឌ្ឍនភាព និងសុំការគាំទ្រនូវផែនការ វិនិយោគវិសយ័ទេសចរណ៍របស់ខ្លូន ដែលមានទីតាំងក្នុងភូមិសាស្ត្រ ស្រុកស្អាង ខេត្តកណ្តាល ដែលជំនួបនេះបានធ្វើឡើងនៅសាលាខេត្តកណ្ដាល កាលពីពេលថ្មីៗនេះ។

ឯកឧត្ដមបន្តថា ខេត្តកណ្ដាលគឺជាខេត្តមួយជាប់រាជធានីភ្នំពេញ ដែលមានវិសាលភាពផ្ទៃដីធំទូលាយ មានផ្លូវជាតិសំខាន់ៗជាច្រើនដែលឆ្លងកាត់ខេត្តកណ្ដាល ដែលផ្ដល់ឱកាសងាយស្រួលដល់អ្នកវិនិយោគនានា ក្នុងការមកវិនិយោគ ទាំងផ្នែកអចនវត្ថុ ផ្នែកឧស្សាហកម្ម សិប្បកម្មជាច្រើនផងដែរ។ ជាពិសេសខេត្តកណ្ដាលគឺ មានសក្កានុពល ធនធានធម្មជាតិ ជាច្រើនដែលបំរើអោយ វិសយ័កសិកម្ម វិសយ័ទេសចរណ៍ និងរមណីយដ្ឋានវប្បធម៏ប្រវត្តិសាស្ត្រ ដែលកត្តាទាំងនេះហើយធ្វើឲ្យអ្នកវិនិយោគទុនទាំងអស់ កាន់តែមានភាពងាយស្រួលក្នុងការមកបណ្ដាក់ទុនរកស៊ី ក្នុងខេត្តកណ្ដាល។
ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមអភិបាលខេត្ត បានស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការវិនិយោគ លើវិស័យទេសចរណ៍ រមណីយដ្ឋានធម្មជាតិបែបនេះ គឺមិនត្រឹមតែបានបង្កើតការងារជាច្រើនដល់ប្រជាពលរដ្ឋនៅតំបន់នោះប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្តល់នូវការទាក់ទាញភ្ញៀវជាតិ អន្តរជាតិចូលមកលំហែកំសាន្ត ជាច្រើនទៀតផង។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានស្នើអោយម្ចាស់រមណីយដ្ឋាន ត្រូវយកចិត្តទុកដាក់ គិតគូរជាចំបងបញ្ហាអនាមយ័បរិស្ថាន សេវាកម្មបំរើ និងបញ្ហាតម្លៃហូបចុកអោយមានលក្ខណៈសមរម្យ និងអាចទទួលយកបាន។

លោក ឌិន សុមេធារិទ្ធិ ស្ថាបនិក រមណីយដ្ឋានភូមិផ្កាត្រកួន បានឱ្យដឹងថារមណីយដ្ឋាននេះវិនិយោគនៅលើផ្ទៃដីប្រមាណជាង១០០ហិកតា មានទីតាំងនៅឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។ ហើយរមណីយដ្ឋានភូមិផ្កាត្រកួននេះ មានកន្លែងលំហែរកាយក្នុងថ្ងៃឈប់សម្រាក សួនកម្សាន្ត ជិះទូកលេង និងមានគម្រោងដីឡូត៍សម្រាប់ផ្ទះលំហែរផងដែរ។