កិច្ចប្រជុំបូកសរុបការអនុវត្តការងារ និងពង្រឹងយន្តការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងសម្ពោធដាក់ឱ្យដំណើរការការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលស្រុកមុខកំពូល

ខេត្តកណ្តាល÷ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល កាលពីរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ ២០២០នេះ បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំបូកសរុបការអនុវត្តការងារ និងពង្រឹងយន្តការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងសម្ពោធដាក់ឱ្យដំណើរការការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលស្រុកមុខកំពូល។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណងដើម្បីធ្វើការបូកសរុបលទ្ធផលការអនុវត្តការងារ និងពង្រឹងយន្តការប្រយុទ្ធប្រឆាំងជំងឹកូវីដ-១៩ របស់រដ្ឋបាលស្រុកមុខកំពូល ដោយផ្អែកតាមរបាយការណ៍លទ្ធផលការអនុវត្តការងាររបស់រដ្ឋបាលឯកភាពស្រុក។

ឯកឧត្តម បានវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សា គណៈអភិបាល កងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់អនុវត្តន៍នូវតួនាទី ភារកិច្ច ខិតខំបំពេញការងារកន្លងមក រហូតសម្រេចបានសមិទ្ធផលធំៗ ជាច្រើននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងស្នើបន្តការខិតខំបន្ថែមទៀត ដើម្បីអភិវឌ្ឍនៅក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើងលើគ្រប់វិស័យ លើកកម្ពស់ជីវភាពជូនប្រជាពលរដ្ឋ និងរួមចំណែកកាត់បន្ថយភាពក្រីក្រផងដែរ។

ពាក់ព័ន្ធនិងការសម្ពោធដាក់ឱ្យដំណើរការការិយាល័យច្រកចេញចូលតែមួយ ឯកឧត្តម គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានសម្រេចបង្កើតយន្តការច្រកចេញ ចូលតែមួយនេះឡើង គឺដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ ធ្វើឲ្យប្រសើរឡើងក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ កែទម្រង់ប្រព័ន្ធរដ្ឋបាល និងពង្រីកវិសាលភាពសេវាកម្មឲ្យដល់មូលដ្ឋានជិតនិងប្រជាពលរដ្ឋ តាមបណ្ដាខេត្ដក្រុងស្រុកនានា

ឯកឧត្តមបន្តថា ការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលស្រុក មានតួនាទី ភារកិច្ចក្នុងការផ្តល់សេវារដ្ឋបាលលើគ្រប់វិស័យរួមមានសេវារដ្ឋបាល ដែលកំពុងផ្តល់ដោយរដ្ឋបាលស្រុក និងសេវារដ្ឋបាលដែលកំពុងផ្តល់ដោយមន្ទីរ អង្គភាពជំនាញនានា នៅកន្លែងតែមួយ ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានជម្រុញដល់មន្ត្រីស្រុកមុខកំពូលទាំងអស់ត្រូវ ខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អ ឆាប់រហ័ស និងតម្លាភាពត្រូវខិតខំបង្កើនសមត្ថភាពការងារខ្លួនជានិច្ច ពិសេសត្រូវត្រូវប្រកាន់ខ្ជាប់នូវអភិក្រមកំណែទម្រង់របស់ សម្តេច អគ្គសេនសបតី តេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែរ ព្យាបាល និងវះកាត់។