ពិធីប្រកាសសេចក្ដីសម្រេចបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា សង្កាត់តាខ្មៅ ក្រុងតាខ្មៅ

សមាជិកថ្មីយុវជន នៃគណបក្សប្រជាជនកម្ពុជានៅក្នុងសង្កតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ចំនួន១៤៩នាក់ ត្រូវបានគណៈកម្មាធិការបក្សសង្កតាខ្មៅ ប្រកាសបញ្ចូលជាសមាជិកបក្សជាផ្លូវការតបតាមការស្នើសុំចូល នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់តាខ្មៅ ក្រោមវត្តមាន ឯកឧត្តម នូ សាខន អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល និងជាប្រធានគណៈប្រចាំការគណបក្សខេត្ត និងលោកជំទាវ ហ៊ុន កុសនី ប្រធានក្រុមការងារគណបក្សចុះជួយសង្កាត់តាខ្មៅ ដោយមានអញ្ជើញរួមពីសំណាក់ សមាជិក សមាជិកាគណៈកម្មាធិការគណបក្សខេត្ត សមាជិក សមាជិកកាគណៈអចិន្រ្តយ៍គណបក្សក្រុង។

បន្ទាប់ពីសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីដែលទើបបានបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា សង្កាត់តាខ្មៅ បានប្ដេជ្ញាចិត្តរួចមក ឯកឧត្ដម នូ សាខន បានមានប្រសាសន៍សំណេះសំណាល ដោយថ្លែងនូវការស្វាគមន៍ ចំពោះសមាជិកគណបក្សទើបបានបញ្ចូលថ្មីទាំងអស់ ដែលបានស្ម័គ្រចិត្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ និងបានចាត់ទុកថា កាយវិការនេះគឺបានបង្ហាញឱ្យឃើញពីការសាមគ្គីជាតិ និងការគាំទ្រនូវកម្មវិធីនយោបាយ ក៏ដូចជាការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជានាពេលកន្លងមក រហូតដល់បច្ចុប្បន្ន ដែលបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនគួរកត់សម្គាល់ពីមួយថ្ងៃទៅមួយថ្ងៃ និងឈានទៅកាត់បន្ថយបាននូវភាពក្រីក្ររបស់ប្រជាជន។

ឯកឧត្ដមបានបញ្ជាក់ថា គណបក្សប្រជាជនគឺជាស្នូលយ៉ាងរឹងមាំ ក្នុងការបង្រួបបង្រួមជាតិនាំមកនូវសុខសន្តិភាពយ៉ាងពេញលេញជូនជាតិ និងមាតុភូមិ ព្រមទាំងធ្វើឱ្យប្រទេសជាតិមានកិត្យានុភាពទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។

ឯកត្ដម ក៏បានផ្ដាំផ្ញេីរដល់សមាជិកបក្សទាំងអស់ មិនត្រូវមានការធ្វេសប្រហែសជាមួយជំងឺកូវីដ-១៩ឡើយ បើទោះបីជានៅប្រទេសកម្ពុជារបស់យើង មានស្ថានភាពល្អប្រសើរក៏ដោយក្ដី តែនៅទូទាំងពិភពលោកមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ។ ដូច្នេះយើងត្រូវតែ អនុវត្តអោយបានជាប្រចាំនូវ ការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

ជាងនេះទៅទៀតសមាជិកបក្សទាំងអស់ ត្រូវអនុវត្តតាមគោលនយោបាយលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស សាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ និងចូលរួមគាំទ្ររាជរដ្ឋាភិបាលស្របច្បាប់ ប្រឆាំងដាច់ខាតរាល់ឧបាយកលរបស់ពួកអគតិដែលមានបំណងចង់បំផ្លាញសន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត និងបានណែនាំដល់អាជ្ញាធរដែនដីគ្រប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតលើផ្នែកសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ជាពិសេសអនុវត្តឱ្យបាននូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព សំដៅធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្ត និងមានជំនឿលើការដឹកនាំរបស់អាជ្ញាធរក្នុងមូលដ្ឋាននីមួយៗ។