ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៧៧គ្រួសារ នៅស្រុកកោះធំ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល និងសប្បុរសជននានា

ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៧៧ ក្នុងនោះរលំទាំងស្រុង របើកដំបូលធ្ងន់ធ្ងរ របើកដំបូលដោយអន្លើ និងអ្នករងរបួស ស្ថិតនៅឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាលទទួបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល និងសប្បុរសជននានា។

រសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានដឹកនាំប្រតិភូកាកបាទក្រហមកម្ពុជាខេត្ត និងមានការចូលរួមពីសប្បុរសជននានា បាននាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ចែកជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៧៧គ្រួសារ ស្ថិតនៅឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល។

មានប្រសាសន៏សំណេះសំណាល ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីអាណិតអាសូរ និងក្តុកក្តួលយ៉ាងក្រៃលែង។ ឯកឧត្ដមបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្តេចតែងតែគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ដោយពុំមានការរើសអើងពូជសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ។ ជាមួយគ្នានេះ ឯកឧត្ដមក៏បានសំណូមពរដល់គ្រួសាររងគ្រោះ សូមមេត្តាកាត់ចិត្ត ទប់អារម្មណ៍ ព្រោះហេតុការណ៍ទាំងអស់នេះ វាក៏បានកន្លងផុតអស់ហើយ តែអ្វីដែលយើងត្រូវគិតគូរដោះស្រាយជាបន្តនោះ គឺការងាររកចំណូលតាមសមត្ថភាពរៀងៗខ្លួន សម្រាប់ទ្រទ្រង់ដល់ជីវភាពគ្រួសារឡើងវិញឱ្យមានភាពប្រសើរឡើង។

ក្នុងឱកាសនោះដែរឯកឧត្ដមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវមានអនាម័យខ្លួងប្រាណជាប្រចាំ បើទោះបីជានៅក្នុងប្រទេសកម្ពុជារបស់យើងសព្វថ្ងៃនេះមិនមានការឆ្លងនៅក្នុងសហគមន៍ក៏ដោយ។

បន្ទាប់មកឧត្ដមអភិបាលខេត្ត បានចុះដល់ផ្ទះគ្រួសាររងគ្រោះរលំផ្ទះទាំងស្រុងចំនួន៦ផងដែរ។ អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាខេត្តកណ្ដាល និងសប្បុរសជននាំយកក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកបរិសុទ្ធ១កេស ត្រីខ១យួរ ម៉ាស់១បន្ទះ ទឹកអាល់កុល១ដប អាវយឺត៥ ក្នុងនោះគ្រួសាររបើកដំបូលធ្ងន់ធ្ងរ ទទួលបានថវិកា ១៩ម៉ឺនរៀល របើកដំបូលដោយអន្លើ និងអ្នករងរបួស ថវិកា១៤ម៉ឺនរៀល និងគ្រួសាររលំទាំងស្រុង ចំនួន៦ ទទួលបានតង់កៅស៊ូតង់១ផ្ទាំង និងថវិកាសរុប១លាន៣សែនរៀល និង២៤០០ដុល្លារ។ ក្នុងនោះលោក អ៊ាន ស៊ីវម៉ី អគ្គនាយិកាក្រុមហ៊ុន Castle E Diamond និងជាម្ចាស់ Page Sivmey Online shop ថវិកា១៣០០ដុល្លារ៕