កងរាជអាវុធហត្ថខេត្តកណ្តាល រួមសហការជាមួយសហភាពសហព័ន្ធយុវជនខេត្ត និងសភាពាណិជ្ជកម្មខេត្តកណ្តាល ផ្តល់ឈាមដោយស្ម័គ្រចិត្ត ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម

កណ្តាល៖ ថ្លៃងនៅក្នុងយុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នៅព្រឹកថ្ងៃទី១៨ ខែ កក្កដា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល និងមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានរៀបចំពិធីផ្តល់ឈាមដើម្បីជួយជីវិតជនរងគ្រោះដែលត្រូវការឈាមចាំបាច់ ។

ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល បានលើកឡើងថា ការបរិច្ចាគឈាមគឺជាសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លាបំផុត ជាការធ្វើបុណ្យ ជាការជួយសង្គ្រោះជីវិត ពីព្រោះជារៀងរាល់ថ្ងៃនេះមានអ្នកជំងឺនៅតាមមន្ទីរពេទ្យ ត្រូវការឈាមប្រមាណជា ៣០០ ផ្លោកក្នុងមួយថ្ងៃៗ។

ឯកឧត្តមបានបន្តថា សម្រាប់បងប្អូនប្រជាពលរដ្ឋ កងកម្លាំង សភាពាណិជ្ជកម្មខេត្តកណ្តាល និងយុវជនសសយក សរុបជាង ជាង១១៤នាក់ ដែលបានចូលរួមបរិច្ចាគឈាមនាថ្ងៃនេះគឺជា សកម្មភាព និងជាគំរូល្អដល់ប្រជាពលរដ្ឋផ្សេងទៀតដែលបានមកផ្តល់ឈាម។

ថ្លែងនៅក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី សំ តុលា បានលើកឡើងថា អនុវត្តន៍តាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ដែលជាយន្តកាដឹកនាំដ៏មានប្រសិទ្ធភាពរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើឱ្យនាយ នាយរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តកណ្តាលទាំងអស់ បានយកអស់ស្មារតីអនុវត្តតួនាទីភារកិច្ច និងមានការទទួលខុសត្រូវខ្ពស់ជាពិសេស កម្លាំងកងរាជអាវុធហត្ថបានត្រៀមរួចជាស្រេច ដើម្បីជួយដល់ប្រជាពលរដ្ឋដែលកំពុងខ្វះឈាម និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។

លោកបានបញ្ជាក់ទៀតថា ការបរិច្ចាគឈាមគឺ មិនមានបញ្ហាអ្វីឡើយដល់សុខភាព ផ្ទុយទៅវិញអ្នកដែលបានបរិច្ចាគឈាមនឹងទទួលបានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព គឺអាចជួយកាត់បន្ថយជំងឺដាច់សរសៃឈាម កាត់បន្ថយការស្ទះសរសៃឈាម កាត់បន្ថយការឡើងទម្ងន់ និងជាតិខ្លាញ់ កាត់បន្ថយជំងឺបេះដូង ។ ម្យ៉ាងទៀតការបរិច្ចាគឈាមគឺអាចអោយយើងដឹងពីស្ថានភាពសុខភាពរបស់យើងដោយសារមុននិងធ្វើការបរិច្ចាគឈាមត្រូវឆ្លងកាត់វេជ្ជបណ្ឌិតធ្វើការត្រួតពិនិត្យសុខភាពគ្រប់លក្ខ័ណទើបអាចបរិច្ចាគបាន។

សូមបញ្ជាក់ថា ក្នុងយុទ្ធនាការផ្ដល់ឈាមដោយស្ម័គ្រចិត្តនាពេល​នោះ ទទទួលបានឈាមសរុបចំនួន ១១៤ផ្លោក​។ ហើយចំពោះការបរិច្ចាគឈាមគឺមនុស្សទូទៅអាចធ្វើការបរិច្ចាគបាន ដែលតម្រូវឱ្យមានអាយុចាប់ពី ១៨ ឆ្នាំឡើងមានទម្ងន់ចាប់ពី ៤៥ គីឡូឡើងទៅ មានសម្ពាធឈាមធម្មតា មានគ្រាប់ឈាមក្រហមគ្រប់គ្រាន់ និងមានសុខភាពល្អ៕