កិច្ចប្រជុំវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពខេត្ត ស្ដីពីការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យឆ្នាំ២០២០ និងទិសដៅបន្តរបស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ(PWG)

អាជ្ញាធរខេត្តកណ្តាល ជំរុញអោយ រដ្ឋបាលក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ និងអង្គការដៃគូរអភិវឌ្ឍន៍នានាក្នុងខេត្ត ត្រូវបំផុសគំនិតប្រជាពលរដ្ឋ អោយផ្លាស់ប្ដូរឥរិយាបថ ដោយងាកមកទទួលទានទឹកស្អាត និងប្រើប្រាស់បង្គន់ជាប្រចាំ។ នេះជាការជំរុញរបស់ឯកឧត្ដម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល ក្នុងឱកាសឯកឧត្ដមអញ្ជើញចូលរួមក្នុង កិច្ចប្រជុំកិច្ចប្រជុំវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពខេត្ត ស្ដីពីការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យឆ្នាំ២០២០ និងទិសដៅបន្តរបស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ(PWG) ដែលរៀបចំដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល កាលពីរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០។

ឯកឧត្ដម នុត ពុធដារ៉ា បន្តថា ការផ្លាស់ប្ដូរដោយងាកមកទទួលទានទឹកស្អាត និងប្រើប្រាស់បង្គន់ជាប្រចាំ ពិតជាបានរួមចំណែកក្នុងការលើកកម្ពស់អនាម័យនៅក្នុងសហគមន៍ ព្រមទាំងជៀសបាននូវការឆ្លងរីករាលនៃជំងឺនានា នៅពេលប្រជាពលរដ្ឋងាកមកទទួលទានទឹកស្អាត និងប្រើប្រាស់បង្គន់ជាប្រចាំ ព្រមទាំងបានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើតសេដ្ឋកិច្ចជាតិផងដែរ។ 

ឯកឧត្ដមអភិបាលរងខេត្ត បន្ថែមទៀតថា ដើម្បីអោយការអនុវត្តផែនការសកម្មភាពខេត្ត ស្ដីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ឆ្នាំ២០១៩-២០២៣ អោយទទួលបានជោគជ័យតាមផែនការដែលបានកំណត់ រដ្ឋបាលក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ និងអង្គការដៃគូរអភិវឌ្ឍន៍នានាក្នុងខេត្ត ដែលជាសមាជិកក្រុមការងារបច្ចេកទេស ស្ដីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ត្រូវសហការរួបរួមគ្នា ជួយផ្សព្វផ្សាយ ដើម្បីធ្វើអោយក្រុមការងារនេះ ដំណើរការប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងការទទួលខុសត្រូវខ្ពស់។ 

លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានអោយដឹងថា កិច្ចប្រជុំនេះ មានសារៈសំខាន់ណាស់ ព្រោះវាបានផ្ដល់ឱកាសឱ្យភាគីពាក់ព័ន្ធ អាជ្ញាធរខេត្ត និងអង្គការដៃគូរអភិវឌ្ឍន៍នានា បានជួបពិភាក្សា ចែករំលែកបទពិសោធន៍ ផ្លាស់ប្ដូរទស្សនៈ គំនិតយោបល់ក្នុងការស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីសំរេចឱ្យបាននូវគោលដៅផែនការសកម្មភាពខេត្ត ស្ដីពីការ ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឆ្នាំ២០១៩-២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា និងឈានទៅសំរេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនាឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។