ឯកឧត្តម គីម រិទ្ធី និងលោកំទាវ ព្រមទាំងមន្ទីរជុំវិញខេត្ត បានប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃ កំពុងគង់ចាំព្រះវស្សាចំនួន ៣២វត្ត ក្នុងស្រុកស្អាង

ខេត្តកណ្តាល៖ ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្ដាល និងលោកជំទាវ តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០​នេះ បានដឹកនាំ មន្ត្រីរាជការមន្ទីរជុំវិញខេត្ត និងអាជ្ញាធរស្រុក មកប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃ ដែលកំពុងគង់ចាំព្រះវស្សាចំនួន ៣២វត្ត ដែលពិធីនេះត្រូវប្រារព្ធធ្វេីឡេីងនៅ ក្នុងវត្តព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។

មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តម គីម រិទ្ធី បានលេីកឡេីងថា ពិធីបុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់​សម្រាប់​ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។

ឯកឧត្តមបានបន្តថា ពិធីបុណ្យនេះ ប្រារព្ធធ្វើឡើងជារៀងរាល់​ឆ្នាំរយៈពេល៣ខែ ចាប់ពីថ្ងៃ១រោចខែអាសាធដល់ថ្ងៃ ១៥ កើត ខែអស្សុជ ហើយបងប្អូនដែលជាអ្នកមានជំនឿទៅលើ​ព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។ ក្រៅពីរបស់ប្រើប្រាស់ និងម្ហូបអាហារ បងប្អូនខ្មែរក៏បានជាវទានវស្សា​ទៅប្រគេន​ព្រះសង្ឈផងដែរ ព្រោះយើងមានជំនឿថាពន្លឺទៀនគឺជួយបំភ្លឺអនាគតជាតិឱ្យភ្លឺស្រស់បំព្រង និងមានសេចក្តីសុខចម្រើន​ដោយ​អំពើល្អ សេចក្តីល្អ ហើយគេត្រូវ រក្សាភ្លើងទៀនឱ្យឆេះជាប់រហូតគ្រប់ រយៈពេលបីខែ មួយវិញទៀតនេះ​ជាការជួយដល់វត្តអារាមក្នុងការមានទៀនប្រើប្រាស់ដើម្បីដុតបំភ្លឺនៅពេលយប់ផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមអភិបាលរងខេត្តក៏បានធ្វើការក្រើនរំលឹក ឱ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការ ពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយគោរព និងអនុវត្តឱ្យខ្ជាប់ខ្ជួន នូវគោលការណ៍ និងវិធានការនានាតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ

សូមបញ្ជាក់ថា​ ទៀនព្រះវស្សា និងទេយ្យវត្ថុរបស់រដ្ឋបាលខេត្ត ដែលថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការបានប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ទាំង ៣២វត្តនោះ ក្នុងមួយវត្តៗទទួលបានអង្ករ ៥០គីឡូក្រាម ទៀនវស្សា ១គូរ ស្លាដក ១ និងថវិកា ៤០ ម៉ឺនរៀល បន្ថែមពីលើនេះ ឯកឧត្តម គីម រិទ្ធី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ក៏បានប្រគេនដល់ វត្តទាំង៣២ នាឱកាសនោះដោយក្នុង១វត្តទទួលបាន ទឹកសុទ្ធ អរុណណា ចំនួន៦កេះ ភេសជ្ជៈ kiyo ១កេះ ភេសជ្ជៈ sponsor ២កេះ និងថវិកា ចំនួន ៥០០.០០០រៀល និងបានប្រគេនបច្ចយ័សម្រាប់កសាងវត្តព្រែកអំបិលចំនួន២០០ដុល្លា និងប្រគេនបច្ចយ័ព្រះសង្ឃចំនួន៣៦អង្គដែលគង់នៅក្នុងវត្តព្រែកអំបិល ក្នុង១អង្គៗចំនួន២០ដុល្លា និងជូនលោកតាជី លោយជីនៅក្នុងវត្ត ម្នាក់ៗ ចំនួន២០.០០០រៀល ផងដែរ ។