ខេត្តកណ្ដាល បើកកិច្ចប្រជុំដោះស្រាយវិវាទរវាងកម្មករ និងរោងចក្រចំនួន២ នៅក្រុងតាខ្មៅ និងកិច្ចប្រជុំស្តីពីដំណើរការនៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ក្នុងអំឡុងពេលជំងឺកូវីដ-១៩

កិច្ចប្រជុំដោះស្រាយវិវាទការងាររបស់កម្មករ ពិតជាមានសារ:សំខាន់ណាស់ គឺបានបង្ហាញនូវបទពិសោធន៍ ការទទួលខុសត្រូវ និងការចែករំលែកនូវចំណេះដឹងថ្មីៗ ដើម្បីរួមគ្នាដោះស្រាយឱ្យកាន់តែល្អប្រសើរថែមទៀត និងរកនូវចំណុចប្រឈមនានា ដើម្បីឈានទៅការបញ្ចប់វិវាទ ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានលើកឡើងដូច្នេះ នៅក្នុងកិច្ចប្រជុំគណៈកម្មាការចម្រុះដើម្បីពិភាក្សា ដោះស្រាយករណីវិវាទការងារវាងកម្មករ កម្មការរិនី និង ក្រុមហ៊ុន ឌីកនើធី នីតធើរ លីមីតធីត និង អេខូបេស ហ្វេកធើរី ដែលកិច្ចប្រជុំនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ទេស រុក្ខាផល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ក.ប មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងអភិបាលក្រុង ស្រុកជាច្រើនរូប។

ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធត្រូវខិតខំយកចិត្តទុកដាក់ខ្ពស់ និងត្រូវសហការឲ្យបានស្អិតរមួតជាមួយនឹងគណៈកម្មាធិការជំនាញ ដើម្បីដោះស្រាយបញ្ហានេះដល់កម្មករឲ្យបានល្អ និងទាន់ពេល ត្រូវដោះស្រាយពីរឿងធំឱ្យទៅជារឿងតូច ចំពោះរឿងតូចត្រូវបញ្ចប់ប្រកបដោយសន្តិវិធីដោយឈរលើ គោលការណ៍ច្បាប់ និងរដ្ឋបាលដើម្បីផលប្រយោជន៍របស់យើងទាំងអស់គ្នា។

សូមជម្រាបជូនថា ក្រុមហ៊ុន ឌីកនើធី នីតធើរ លីមីតធីត និង អេខូបេស ហ្វេកធើរី ដែលមានទីតាំងស្ថិតនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានកម្មករ កម្មការិនីបម្រើការងារប្រមាណជាង ១០០០នាក់ មានបញ្ហាក្ស័យធន ថៅកែក្រុមហ៊ុនមិនមានការទទួលខុសត្រូវ បិទទ្វាររត់ចោលកម្មករ កម្មការិនី តាំងពីចុងឆ្នាំ២០១៩ មកម្លេះ ដោយក្រុមហ៊ុន មិនបានបើកប្រាក់ឈ្នួល ប្រាក់អតីតភាពការងារ ជូនដល់កម្មករ កម្មការិនី សម្រាប់ករណីនេះ គណៈកម្មាការចម្រុះកំពុងយកចិត្តទុកដាក់ពន្លឿនចុះដោះស្រាយជូនដល់កម្មករ កម្មការិនីជាបន្ទាន់ផងដែរ។

បន្ទាប់មក ឯកឧត្តមអភិបាលខេត្តក៏បានបន្តដឹកនាំក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រកាសស្តីពីការដាក់ឱ្យប្រើប្រាស់នីតិវិធី និងដំណើរការនៃការអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម បានដាស់តឿនក្រើនរំលឹក អាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាន និងមន្ទីរផែនការ ត្រូវយកចិត្តទុកដាក់ខ្ពស់បន្តចុះស្រាវជ្រាវ ស្រង់ស្ថិតិ គ្រួសារក្រីក្រនិងជនរងគ្រោះពិតប្រាកដ អោយបានត្រឹមត្រូវ មានកម្លាភាព ជៀសវាងជ្រើសរើស ខុសគោលដៅ ប្រកាន់បក្ខពួកគ្មានមូលដ្ឋានច្បាស់លាស់ បង្កភាពថ្នាំងថ្នាក់ពីសំណាក់ប្រជាពលរដ្ឋ។

សូមរំលឹកថាកាលពីថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ នៅវិមានសន្តិភាព។ សម្តេចតេជោ បានមានប្រសាសន៍ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ជាវិធានការជំនួយសង្គមរបស់រាជរដ្ឋាភិបាល សំដៅជួយសម្រួលជីវភាពប្រចាំថ្ងៃ នៅក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានបណ្ណសមធម៌ទូទាំងប្រទេស ដែលក្នុងនោះគឺផ្តោតការយកចិត្តទុកដាក់បន្ថែមចំពោះកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី៦០ឆ្នាំឡើង និងអ្នកមានផ្ទុកមេរោគអេដស៍ នៅក្នុងគ្រួសារក្រីក្រទាំងនោះ។