កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្តថ្វាយព្រះពរ សម្តេចម៉ែ ក្នុងឱកាសឳកាសចម្រើនព្រះជន្មាយុគម្រប់ ៨៤ យាងចូល ៨៥ ព្រះវស្សា នៅវត្តប្រជុំនទី ហៅវត្តក្រពើហា

ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ កាកបាទក្រហមកម្ពុជា បានប្រារព្ធពិធីសូត្រមន្ត ចម្រើនព្រះបរិត ដើម្បីថ្វាយព្រះរាជពរជ័យ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ វររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៤ យាងចូល៨៥ព្រះវស្សា។ ពិធីសូត្រមន្តនេះបានប្រារព្ធឡើងនៅវត្តប្រជុំនទី ហៅវត្តក្រពើហា ក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួម លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត ភរិយាថ្នាក់ដឹកនាំខេត្ត សាខាកាកបាទក្រហមកម្ពុជាខេត្ត និងយុវជនកាកបាទក្រហមកម្ពុជា ជាច្រើននាក់។

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី និងសហការីនៃកាកបាទក្រហមកម្ពុជាទាំងអស់ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះពុទ្ធប្បដិមា និងនាំយកទេយ្យវត្ថុប្រគេន ព្រះសង្ឃ គង់នៅវត្តប្រជុំនទី ហៅវត្តក្រពើហា និងបានលើកហត្ថប្រណម្យបួងសួង ព្រះរតនត្រ័យកែវទាំងបី គុណបុណ្យវត្ថុស័ក្តិសិទ្ធិទាំងអស់នៅលើលោក ជាពិសេស សូមទេព្តារក្សាព្រះមហាស្វេត្រឆត្រ បារមីព្រះវិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមឫទី្ធតេជៈបារមីខ្លាំងក្លាទាំងអស់ ជាពិសេសបារមី ព្រះវិញ្ញាណក្ខន្ធ អតីតព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ សូមប្រោសព្រះរាជប្រទាន ប្រោះព្រំនូវទឹកអម្រិតប្រសិទ្ធពរជ័យ សិរីសួស្តី ថ្វាយ និងសូមជួយបីបាច់ថែរក្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការមានព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំនៃប្រជានុរាស្រ្ត ជាកូន ចៅ ចៅទួត របស់ព្រះអង្គទូទាំងប្រទេសយូរអង្វែងរៀងដរាបតទៅ។

សូមបញ្ជាក់ថា ៖ ទេយ្យវត្ថុដែលប្រគេនវត្តប្រជុំនទី ហៅវត្តក្រពើហា រួមមាន៖ អង្ករ ១តោន, មីជាតិ ១០កេស, ត្រីខ ២កេស, ស្ករស ២៥គីឡូក្រាម, តែ ៥គីឡូក្រាម, ទឹកដោះគោខាប់ ២កេស, កាហ្វេកញ្ចប់ ២កេស, អូរវ៉ាន់ទីន ២កេស, ទឹកក្រូច ១០កេស, ទឹកបរិសុទ្ធ ១០កេស, មៀនកំប៉ុង ២កេស, ផ្លែឈើស្រស់ ២កន្ត្រក, ផ្កាស្រស់ ២កន្ត្រក និងបច្ច័យចំនួន ១០លានរៀល។ ប្រគេន ព្រះចៅអធិការវត្ត-ព្រះសង្ឃ ៥អង្គ ក្នុងមួយវត្ត ដោយក្នុង១អង្គៗទទួលបាន៖ បច្ច័យ, សាដក ១, ចង្ហាន់ ១ស្រាក់ និងបង្អែម ១ស្រាក់តូច៕