អភិបាលខេត្តកណ្ដាល បានដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅស្រុកកៀនស្វាយ ក្នុងឱកាសចុះផ្សព្វផ្សាយវិធានការការពារការឆ្លងជំងឺកូវីដ-១៩

បញ្ហាប្រឈមចំនួន២ គឺបញ្ហាផ្លូវ និងទឹកស្អាត ដែលជាសំណូមពររបស់ប្រជាពលរដ្ឋ ត្រូវបានឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល សម្រេចដោះស្រាយជូន ដោយឯកឧត្តមបានចាត់ឱ្យអាជ្ញាធរស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ ចុះសិក្សាភ្លាមៗ ពីគម្រោងផ្លូវបេតុងចំនួន ២ខ្សែ ពិសេសត្រូវរៀបចំប្រព័ន្ធទឹកស្អាត ជូនដល់ប្រជាពលរដ្ឋបានប្រើប្រាស់ឲ្យបានឆាប់បំផុត។

ឯកឧត្តមអភិបាលខេត្តបានដោះស្រាយបញ្ហាខាងលើនេះ ក្នុងឱកាសដែលឯកឧត្តម និង លោកជំទាវ ម៉ែន នារីវុឌ្ឍី ហូសិទ្ធី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋក្រីក្រចំនួន ១៥០គ្រួសារ និងផ្សព្វផ្សាយពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ កាលពីរសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។

ក្នុងពិធីនេះដែរ ឯកឧត្តមអភិបាល បានអំពាវនាវ និងលើកទឹកចិត្តដល់បងប្អូនទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះ សុខភាព អនាម័យខ្លួនប្រាណ ត្រូវអនុវត្តឱ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីការឆ្លងជំងឺផ្សេងៗ ពិសេសជំងឺកូវីដ-១៩ ។

ឯកឧត្តមបន្តថា ប្រសិនបើបងប្អូនមានរោគសញ្ញា ក្តៅខ្លួនខ្លាំង ក្អក ឈឺបំពង់ក ហត់ ឬពិបាកដកដង្ហើម ត្រូវប្រញាប់រាយការណ៍ទៅកាន់អាជ្ញាធរ និងត្រូវទៅជួបគ្រូពេទ្យបង្អែកដែលនៅជិតដើម្បីពិនិត្យ និងព្យាបាលបានទាន់ពេល ។

សូមបញ្ជាក់ថាពិធីនេះដែរ ឯកឧត្តមអភិបាលខេត្ត បាននាំយកថវិកាជូនដល់ប្រជាពលរដ្ឋទាំង១៥០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកា១០ម៉ឺនរៀល រីឯលោកជំទាវ ម៉ែន នារីវុឌ្ឍី ហូសិទ្ធី ក៏បានជូនក្រម៉ាមួយ សាប៊ូ១ដុំ និងនំបាញ់ហយ មួយប្រអប់ផងដែរ។