កិច្ចប្រជុំបូកសរុបការអនុវត្តការងារ និងពង្រឹងយន្តការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់រដ្ឋបាលស្រុកកោះធំ និងសម្ពោធដាក់ឱ្យដំណើរការការិយាល័យច្រកចេញចូលតែមួយ

ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំបូកសរុបការអនុវត្តការងារ និងពង្រឹង យន្តការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់រដ្ឋបាលស្រុកកោះធំ និងសម្ពោធដាក់ឱ្យដំណើរការការិយាល័យច្រកចេញចូលតែមួយ របស់រដ្ឋបាលស្រុកកោះធំ។ផ្អែកតាមរបាយការណ៍លទ្ធផលការអនុវត្តការងាររបស់រដ្ឋបាលឯកភាពស្រុក ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សា គណៈអភិបាល កងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់អនុវត្តន៍នូវតួនាទី ភារកិច្ច ខិតខំបំពេញការងារកន្លងមក រហូត សម្រេចបានសមិទ្ធផលធំៗ ជាច្រើននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។

ឯកឧត្តមបានស្នើអោយបន្តការខិតខំបន្ថែមទៀត ដើម្បីអភិវឌ្ឍនៅក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើងលើគ្រប់វិស័យ លើកកម្ពស់ជីវភាពជូនប្រជាពលរដ្ឋ និងរួមចំណែកកាត់បន្ថយភាពក្រីក្រផងដែរ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានសម្រេចបង្កើតយន្តការច្រកចេញ ចូលតែមួយ
នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលឲ្យស្របតាមគោលការណ៍ នៃរដ្ឋបាលឯកភាព និងអភិបាលកិច្ចល្អ ជាពិសេសការបង្កើតឡើងនូវអង្គភាពច្រកចេញចូលតែមួយនៅរដ្ឋបាលរាជធានី ខេត្តទូទាំង ប្រទេស និងការិយាល័យច្រកចេញ ចូលតែមួយតាមបណ្តាក្រុង ស្រុក នៅទូទាំងប្រទេស ដែលបានកំពុងនឹងអនុវត្តការផ្តល់សេវាជូនប្រជាពលរដ្ឋ ។

ឯកឧត្តម បានបន្ដទៀតថា ការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលស្រុក មានតួនាទី ភារកិច្ចក្នុងការផ្តល់សេវារដ្ឋបាលលើគ្រប់វិស័យរួមមានសេវារដ្ឋបាល ដែលកំពុងផ្តល់ដោយរដ្ឋបាលស្រុក និងសេវារដ្ឋបាលដែលកំពុងផ្តល់ដោយមន្ទីរ អង្គភាពជំនាញនានា “នៅកន្លែងតែមួយ” ។