រាជរដ្ឋាភិបាល ដាក់ចេញកញ្ចប់ចវិកា៥០លានដុល្លារ ដើម្បីផ្តល់កម្ចីការប្រាក់ទាបដល់កសិករ ក្នុងការចិញ្ចឹមសត្វ ចិញ្ចឹមត្រី និង ការដាំដុះបន្លែ

ខេត្តកណ្តាល៖ រាជរដ្ឋាភិបាល តាមរយៈ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដាក់កញ្ចប់ថវិកា៥០លានដុល្លារ លើវិសយ័កសិកម្ម ដូចជា៖ ការចិញ្ចឹមសត្វ ចិញ្ចឹមត្រី និងការដាំដុះបន្លែបង្ការជាដើម ក្នុងស្ថានភាព ដែលរាជរដ្ឋាភិបាល បាននឹងកំពុងប្រយុទ្ធប្រឆាំង ជម្ងឺកូវីដ-១៩។

នេះជាប្រសាសន៍ លើកឡើងរបស់ ឯកឧត្តម កៅ ថាច អគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងឱកាសចូលរួមធ្វើបទបង្ហាញ លទ្ធភាពឥណទានអត្រាការប្រាក់ទាប អោយដល់កសិករ សិប្បករ សហគ្រាសធុនតូច និងមធ្យមនៅទូទាំងខេត្តកណ្តាល ប្រមាណជាង៥០០នាក់ នៅសាលាខេត្តកណ្តាលនារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០។

ក្នុងឱកាសនោះ ឯកឧត្តម កៅ ថាច បានប្រកាសជូនដំណឹង ដល់ម្ចាស់សិប្បកម្ម ម្ចាស់សហគ្រាស ធុនតូច និងមធ្យម ក្នុងវិសយ័កែឆ្នៃ ផលិតផលកសិកម្ម វិស័យ កសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម លើកលែងតែ សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម លើវិសយ័ស្រូវអង្ករ ដែលមានតម្រូវការ ឥណទានសំរាប់ពង្រីកអាជីវកម្ម សូមទាក់ទងព័ត៌មានបន្ថែម តាមរយៈ ទូរសព្ទ័លេខ ០៧៧ ៧៥៩ ១៥៩,០១២ ៧០៦ ៦៣៦, ០៩៩ ៧១០ ៧៨៩។
មានប្រសាសន៍ នាឱកាសនោះដែរ ឯកឧត្តម គង់ សោភណ្ឌ័ អភិបាលខេត្តកណ្តាល បានស្នើអោយ កសិករ សិប្បករ សហគ្រាសធុនតូច និងមធ្យម រៀបផែនការអោយបាន ច្បាស់លាស់លើការដាំដុះ ការចិញ្ចឹម និងការផលិត ដើម្បីធ្វើការផ្គត់ផ្គង់ទីផ្សារ អោយបានតាមតម្រូវការ ដោយជៀសវាងការដាំដុះ ឬផលិតលើសតម្រូវការ ជាហេតុធ្វើអោយតំលៃធ្លាក់ចុះ។

ឯកឧត្តម អភិបាលខេត្ត បញ្ចាក់ថា៖ គោលបំណងដែលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មកធ្វើបទបង្ហាញនាពេលនេះ គឺចង់ផ្សព្វផ្សាយអំពីគោលការណ៍ឥណទាន ដែលមានអត្រាការប្រាក់អនុគ្រោះចំនួន៦ ភាគរយប្រចំាឆ្នាំ សម្រាប់ជាទុនបង្វិល (រយៈពេលខ្លី) ហើយ ៦,៥ភាគរយ ប្រចំាឆ្នាំ សម្រាប់ទុនវិនិយោគ (រយៈពេលវែង) និងលក្ខខណ្ឌសមស្របមួយចំនួន ដើម្បីទទួលបានឥណទានពីកម្មវិធី ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ចំនួន ៥០លានដុល្លារអាមេរិក ។

គួរបញ្ជាក់ដែរថា៖ ក្នុងបទបង្ហាញនោះ ក៍មានរៀបចំសំណូមពរ និងវេទិការសំនួរ-ចំលើយ រវាងប្រជាកសិករ តំណាងសហគម និងតំណាង ក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងសហគមន៍កសិកម្មផងដែរ៕