អភិបាលខេត្តកណ្ដាល បើកកិច្ចប្រជុំបន្ទាន់ស្ដីពីការចាត់វិធានការ ទប់ស្កាត់ជំងឺកូវិដ ១៩ ក្នុងខេត្តកណ្ដាល

ខេត្តកណ្តាល៖ អនុវត្តតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំបន្ទាន់ស្ដីពីការចាត់វិធានការ ទប់ស្កាត់ជំងឺកូវិដ ១៩ ការត្រៀមទីតាំងសម្រាប់ដាក់អ្នកជំងឺកូវីដ ១៩ ក្នុងករណីមានការឆ្លងធ្ងង់ធ្ងរ និងវិធានការចំពោះប្រជាពលរដ្ឋ ដែលបានត្រលប់មកពីប្រទេសថៃ។ ដែលកិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពី កងកម្លាំងទាំង៣ អភិបាលស្រុក ក្រុង និងមន្ទីរអង្គភាពជុំវិញខេត្ត។

មានប្រសាសន៍ក្នុងកិច្ចប្រជុំឯកឧត្តម គង់សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានបញ្ជាក់ថា ខេត្តកណ្តាល បានរៀបចំទីតាំងចំនួន២កន្លែង ដែលទីតាំងទី១ វិទ្យាល័យ ហ៊ុន សែន តាខ្មៅ មាន២អគារ ទីតាំងទី២  និងមណ្ឌលសុខភាពកម្មករ តេជោសែន វិហារសួគ៌ មាន២អគារភ្លោះ មាន១២បន្ទប់ ដែលអាចផ្ទុកអ្នកជំងឺបានជាង១០០នាក់ ដើម្បីត្រៀមក្នុងករណីមានការឆ្លងធ្ងន់ធ្ងរ ហើយស្រុក ក្រុង និងមន្ទីរពេទ្យបង្អែក ផ្ទុកអ្នកជំងឺពេញ នឹងយកទីតាំងនេះសំរាប់ជាកន្លែងពិនិត្យ និងព្យាបាលអ្នកជម្ងឺ COVID-១៩ ក្នុងខេត្តកណ្តាល។

ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមទៀតថា ដោយមានពលករកម្ពុជាប្រមាណជាង១០០០នាក់ បានត្រលប់មកពីប្រទេសថៃ ចូលក្នុងប្រទេសកម្ពុជា តាមច្រកដូង ខេត្តបាត់ដំបង កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ។ ហើយពលករទាំងអស់នោះមិនទទួលបានការពិនិត្យយ៉ាងត្រឹមត្រូវពីមន្ត្រីចត្តាឡីស័ក នៅតាមច្រកទ្វាព្រំដែនឡើយ ហើយបងប្អូនពលករទាំងអស់ បានត្រឡប់ទៅស្រុកកំណើតរបស់គាត់រៀងៗខ្លួន ហើយគិតត្រឹមល្ងាចថ្ងៃទី២៣ ខែមិនានេះ មានពលករប្រមាណជាង២០០នាក់ ដែលបានត្រលប់មកពីប្រទេសថៃ មកដល់ខេត្តកណ្ដាល។

ដើម្បីបង្ការ និងទប់ស្កាត់ ក្នុងករណីមានពលករណាមួយ មានផ្ទុកជំងឺកូវីដ១៩ ឯកឧត្ដមអភិបាលខេត្ត បានស្នើអោយមន្ត្រីជំនាញ និងលោកអភិបាលក្រុង ស្រុក ពិសេសអាជ្ញាធរ ភូមិ ឃុំ ត្រូវមានវិធានការដួចជា៖
-កំណត់ចំនួនពលករទើបចូលមកពីប្រទេសថៃអោយបានជាក់លាក់ តាមភូមិ ឃុំ ស្រុកនីមួយៗ
-ដាក់ពួកគាត់អោយនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ ដោយមិនត្រូវឱ្យពួកគាត់ នៅជិតឬស្និតស្នាលជាមួយ ក្រុមគ្រួសារ ឬអ្នកជិតខាងឡើយ ដើម្បីបញ្ជាសការឆ្លង ទៅក្រុមគ្រួសារ ឬអ្នកជិតខាង។
-បើមានការសង្ស័យ ត្រូវនាំគាត់ទៅពិនិត្យ និងព្យាបាលជាបន្ទាន់។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានជំរុញអោយមន្ទីរអង្គភាពពាក់ព័ន្ឋ និងអភិបាលក្រុង ស្រុក ត្រូវបន្តចុះអប់រំ និងផ្សព្ធផ្សាយ ជាលក្ខណៈយុទ្ធនាការជាប្រចាំ ក្នុងមូលដ្ឋានភូមិ ឃុំ ស្រុករបស់ខ្លួន នៅវិធីសាស្ត្រការធ្វើអនាម័យអោយបានញឹកញាប់ កុំមានការប្រមូលផ្ដុំគ្នា ចេញក្រៅពាក់ម៉ាស់អោយបានត្រឹមត្រូវ និងការបង្ការនៃការឆ្លងវិរុសកូវិដ១៩នេះ។ ហើយស្រុក ក្រុង ត្រូវរៀបចំបង្កើតគណៈកម្មការ ក្នុងការចាត់តាំងអនុវត្តអោយបានច្បាស់លាស់ ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩នេះ។

បន្ទាប់មកឯកឧត្ដមអភិបាល បានចុះពិនិត្យទីតាំងផ្ទាល់ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ មណ្ឌលសុខភាពកម្មករ តេជោសែន វិហារសួគ៌ ។