ឃាតក​០២​នាក់ ​រួម​គំនិត​វាយ​សម្លាប់​មនុស្ស​ម្នាក់ នៅ​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន ​ត្រូវ​បញ្ជូន​ទៅ​កាន់​តុលាការ​

កំពង់ស្ពឺ ៖ ឃាតក​ដៃដល់​០២​នាក់​ បាន​រួមដៃគ្នា​វាយ​សម្លាប់​ជន​សតិ​មិន​ប្រក្រតី​ម្នាក់​យ៉ាង​ព្រៃផ្សៃ​ រួច​សែង​ទម្លាក់​ទឹក​ក្បែរ​ការដ្ឋាន​ផ្លូវ​ល្បឿន​លឿន ​ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​ សហការ​ជា​មួយ​កម្លាំង​នគរបាល​អធិការ​ស្រុក​សំ​រោងទង ​ស្រាវជ្រាវ​រហូត​ឈានដល់​ការចាប់ខ្លួន​។​

កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​បាន​ប្រាប់ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​០២​ ខែ​មករា ​ឆ្នាំ​២០១៩​នេះ​ថា ​មន្ត្រី​ជំនាញ​ បាន​សហការ​គ្នា​បើក​ប្រតិបត្តិការ​យ៉ាង​ក្តៅគគុក​ដោយ​ចំណាយពេល​ប្រមាណ​ជាង​៨​ម៉ោង​ប៉ុណ្ណោះ ​ឈានដល់​កំណត់​បាន​មុខសញ្ញា​ជនសង្ស័យ ​រួច​ចាប់ខ្លួន​បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ពី​ករណី​ឃាតកម្ម​វាយ​សម្លាប់​លើ​ជន​វិកលចរិត​យ៉ាង​ឃោរឃៅ​នេះ​។​

មន្ត្រី​ប៉ូលិស​បាន​និយាយថា​ កាលពី​វេលា​ម៉ោង​០៦​និង​៣០​នាទី ​ថ្ងៃទី​០១ ខែ​មករា​ ឆ្នាំ​២០២០​កន្លង​មក​នេះ​ ស្ថិត​ត្រង់ចំណុច​រណ្តៅ​ប្រឡាយទឹក​បង្គោល​ភ្លើង ​ចម្ងាយ​ពី​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ប្រហែល​៥០​ម៉ែត្រ ក្នុង​ភូមិ​រំលោង ​ឃុំ​វល្លិ​សរ ​ស្រុក​សំរោង​ទង​ មាន​ករណី​ឃាតកម្ម​វាយ​សម្លាប់​មនុស្ស​ទម្លាក់​ក្នុង​ទឹក​។​

ប៉ូលិស​បានឲ្យ​ដឹង​ទៀតថា ​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សព​ជនរងគ្រោះ​មន្ត្រី​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​ផ្នែក​កោសល្យវិច័យ​ និង​កម្លាំង​នគរបាល​ស្រុក​ ចុះ​ពិនិត្យ​ជាក់ស្ដែង​នៅ​កន្លែង​កើតហេតុ ស្រាវជ្រាវ​រកឃើញ​អត្តសញ្ញាណ​ជនរងគ្រោះ​មានឈ្មោះ រឿន ​សារិទ្ធ​ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វល្លិ​សរ​ ឃុំ​វល្លិ​សរ ​ស្រុក​សំ​រោងទង​ ខេត្ត​កំពង់ស្ពឺ ជា​មនុស្ស​មាន​ស្មារតី​មិន​ប្រក្រតី​។

លោក​វរសេនីយ៍ឯក ​ឃុ​ត ​សុផល​ អធិការ​នគរបាល​ស្រុក​សំរោង​ទង បានឲ្យ​ដឹងថា ​ជនរងគ្រោះ​ឈ្មោះ រឿន ​សារិទ្ធ​ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ខាងលើ​ ពិតជា​មនុស្ស​វិកលចរិត​ប្រាកដ​មែន​។​ ជនរងគ្រោះ​មាន​ស្លាកស្នាម​វាយ​នឹង​វត្ថុ​រឹង ស្នាម​រយះ​សាច់​ចំ​ស្មង​ជើង​ខាងស្ដាំ​រលាត់​ដាច់​ដល់​ឆ្អឹង ស្បែក​លើ​ទ្រូង រលាត់​ដោយសារ​ក្រុម​ជនសង្ស័យ​អូស​សព​ទៅ​ទម្លាក់​ក្នុង​ប្រឡាយ​ទឹក។

​ក្រោយពី​អំពើ​ឃាតកម្ម​ខាងលើនេះ ​លោក​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត​កំពង់​ស្ពឺ​បាន​បញ្ជា​ជំនាញ​សហការ​ជាមួយ​អធិការ​នគរបាល​ស្រុក​បើក​ការស្រាវជ្រាវ ស៊ើបអង្កេត​រក​ជនដៃ​ដល់​ក្នុងករណី​ខាង​លើ ជា​លទ្ធផល​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​រួមមាន​ ៖
១.​ឈ្មោះ សាន ​សឿន​ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ នៅ​ភូមិ​ត្បូង​ដំរី​ ឃុំ​កំពង់ចម្លង ​ស្រុក​ខ្សាច់កណ្តាល​ខេត្ត​កណ្តាល​ មុខរបរ កម្មករ​ខួង​ដី ឲ្យ​ក្រុមហ៊ុន​សាងសង់​ផ្លូវ (​ជា​អ្នក​វាយ​សម្លាប់)។ និង​២.​ឈ្មោះ សំភាព​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ ​នៅ​ភូមិ​ស្រែ​វាល ​ឃុំ​សណ្តាន់ ​ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ​ មុខរបរ កម្មករ​ខួង​ដី ជា​អ្នក​រួម​គំនិត​ជួយ​សែង​សាកសព​បោះចោល​។

តាម​ចម្លើយ​សារភាព​បឋម​របស់​ឃាតក​ទាំង​០២​នាក់​បានឲ្យដឹង​មូលហេតុ​ មកពី​ពួកខ្លួន​ខឹង​ជនរង​គ្រោះ​មាន​អាកា​រៈ​ស្រវឹងស្រា​ ដើរ​ទៅ​បង្ក​អុកឡុក​ ទើប​វាយ​សម្លាប់ ​រួច​នាំគ្នា​សែង​សព​យក​បោះ​ចោល​ក្នុង​ប្រឡាយ​ទឹក​តែម្តង​។​

បច្ចុប្បន្ន​ ជនដៃដល់ និង​អ្នកសមគំនិត​ ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​នៅ​ថ្ងៃ​ទី​០២​ ខែ​មករា ​ឆ្នាំ​២០១៩​នេះ​៕ ប្រភព កម្ពុជាថ្មី